1 លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។
2 លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។
3 កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្ដុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។
4 លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។
5 លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។
6 លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។
7 លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។