លោកុ‌ប្បត្តិ 29:2-8 KHSV

2 លោក​ឃើញ​អណ្ដូង​ទឹក​មួយ​នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សម្រាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​ឲ្យ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។

3 កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។

4 លោក​យ៉ាកុប​សួរ​ពួក​គង្វាល​ថា៖ «បង‌ប្អូន​អើយ តើ​បង‌ប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។

5 លោក​សួរ​គេ​ទៀត​ថា៖ «តើ​បង‌ប្អូន​ស្គាល់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក​ណាឃរ​ឬ​ទេ?»។ គេ​តប​ថា៖ «បាទ យើង​ស្គាល់​គាត់»។

6 លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះ‌ហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។

7 លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។

8 គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គម្រប​អណ្ដូង​ឲ្យ​វា​ផឹក​ទឹក»។