លោកុ‌ប្បត្តិ 29:21-27 KHSV

21 បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​ឲ្យ​ក្មួយ​រៀប‌ការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។

22 លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់‌លៀង។

23 នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។

24 លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។

25 លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។

26 លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ

27 ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។