លោកុ‌ប្បត្តិ 29:24-30 KHSV

24 លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។

25 លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។

26 លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ

27 ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។

28 លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។

29 លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។

30 លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំ‌ពីរ​ឆ្នាំ​ទៀត។