11 លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។
12 នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
13 លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា “អេស៊ើរ”។
14 ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។
15 លោកស្រីលេអាតបថា៖ «ឯងយកប្ដីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
16 នៅពេលល្ងាចលោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
17 ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។