17 ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។
18 គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
19 លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប
20 លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
21 បន្ទាប់មក គាត់សម្រាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។
22 ព្រះជាម្ចាស់មិនភ្លេចលោកស្រីរ៉ាជែលទេ ទ្រង់ព្រះសណ្ដាប់ពាក្យរបស់គាត់ ដោយប្រោសឲ្យគាត់មានកូន។
23 គាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្ដីអាម៉ាស់ចេញពីខ្ញុំហើយ»។