4 លោកស្រីរ៉ាជែលក៏យកនាងប៊ីលហាមកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង
5 នាងប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។
6 លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ព្រះសណ្ដាប់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
7 នាងប៊ីលហាជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
8 លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
9 កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
10 នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។