លោកុ‌ប្បត្តិ 31:29-35 KHSV

29 ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ព្រះ​នៃ​ដូនតា​របស់​ឯង​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់‌មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី”។

30 ឥឡូវ​នេះ បើ​ថា​កូន​រត់​ចេញ​មក ព្រោះ​តែ​នឹក​ញាតិ‌សន្ដាន​ឪពុក​របស់​កូន​នោះ មិន​អី​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»។

31 លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​វិញ​ថា៖ «ខ្ញុំ​ធ្វើ​ដូច្នេះ​មក​ពី​ភ័យ​ពេក ខ្លាច​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​របស់​លោក​ឪពុក​ពី​ខ្ញុំ។

32 ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង‌ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ លោក​យ៉ាកុប​ពុំ​ដឹង​ថា លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។

33 លោក​ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ជំរំ​របស់​លោក​ស្រី​លេអា និង​ជំរំ​របស់​ស្ត្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លោក​ស្រី​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​រ៉ាជែល។

34 លោក​ស្រី​រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ​ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។

35 លោក​ស្រី​រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ លោក​ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។