១ ពង្សា‌វតារ‌ក្សត្រ 12:28-33 KHSV

28 ស្ដេច​បាន​រិះគិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រា‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។

29 ស្ដេច​តម្កល់​រូប​គោ​មួយ​នៅ​បេត‌អែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។

30 ស្ដេច​បាន​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជា‌ជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។

31 ព្រះ‌បាទ​យេរ៉ូ‌បោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​ប្រជា‌ជន ដែល​មិន​មែន​ជា​ពួក​លេវី ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ*។

32 ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ទី​ប្រាំ​បី សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្ដេច​យាង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ ស្ដេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេត‌អែល​ដែរ គឺ​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​រូប​គោ​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​យក​បូជា‌ចារ្យ​ដែល​ស្ដេច​តែង‌តាំង សម្រាប់​បម្រើ​ការ‌ងារ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ឲ្យ​មក​បម្រើ​ការ​នៅ​បេត‌អែល​ផង។

33 នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្ដេច​កំណត់​ខ្លួន​ឯង ទ្រង់​យាង​ទៅ​អាសនៈ​ដែល​ទ្រង់​បាន​សង់​នៅ​បេត‌អែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ក្នុង​ឱកាស​នោះ ស្ដេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។