១ របាក្សត្រ 12:18-24 KHSV

18 ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់ លោក​ពោល​ថា៖«បពិត្រ ព្រះ‌បាទ​ដាវីឌជា​បុត្រ​របស់​លោក​អ៊ីសាយ!យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយព្រះ‌ករុណា​ហើយ។សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់​ព្រះ‌ករុណានិង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌ករុណា!ដ្បិត​ព្រះ​របស់​ព្រះ‌ករុណាបាន​ជួយ​ព្រះ‌ករុណា​ហើយ!»។ព្រះ‌បាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​ស្ដេច។

19 ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះ‌បាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា បញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។

20 នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគ‌ឡាក់​វិញ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

21 ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ច្បាំង​ព្រះ‌បាទ​ដាវីឌ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​របស់​ព្រះ‌បាទ​ដាវីឌ។

22 រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។

23 អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:

24 ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន មាន ៦ ៨០០ នាក់។