១ របាក្សត្រ 5:22-26 KHSV

22 ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះ‌ជាម្ចាស់។ ពួក​គេ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

23 កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ើរ‌ម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរ‌ម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។

24 រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាស‌រាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

25 ក៏​ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ​ត្រង់​នឹង​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។

26 ហេតុ​នេះ ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បណ្ដាល​ចិត្ត​ព្រះ‌បាទ​ពូល និង​ព្រះ‌បាទ​ទីកឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ឲ្យ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះ‌បាទ​ទីកឡាត-‌ពីលេ‌ស៊ើរ​ក៏​បាន​កៀរ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាបោរ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។