15 នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
16 ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។
17 នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មាន ជាបងប្អូនវិញ គេនាំគ្នាវាយសំឡាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា)
18 ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក និងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនឹងអេក្រុន ព្រមទាំងដែនស្រុកដែរ
19 ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
20 គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
21 រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។