ចៅហ្វាយ 1:27-33 KHOV

27 ឯ​ពួក​ម៉ាន៉ាសេ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន និង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ត្អាណាក និង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ដោរ និង​តំបន់​ដែល​នៅ​ជុំវិញ ពួក​ក្រុង​យីបលាម និង​តំបន់​នៅ​ជុំវិញ ឬ​ពួក​ក្រុង​មេគី‌ដោ និង​តំបន់​នៅ​ជុំវិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

28 តែ​លុះ​កាល​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​កំឡាំង​ឡើង នោះ​គេ​ក៏​ចាប់​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​បំរើ​គេ ឥត​បាន​បណ្តេញ​ទាំង​អស់​ទេ។

29 ឯ​ពួក​អេប្រា‌អិម គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ដែរ គឺ​ពួក​កាណាន​នោះ​បាន​នៅ​កេស៊ើរ ជា​កណ្តាល​ពួក​គេ​វិញ។

30 ឯ​ពួក​សាប់‌យូល៉ូន គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​ជា​កណ្តាល​ពួក​គេ ហើយ​ក៏​ទទួល​ព្រម​ធ្វើ​ការ​បំរើ​គេ។

31 ឯ​ពួក​អេស៊ើរ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ

32 គឺ​ពួក​អេស៊ើរ​នៅ​ជា​កណ្តាល​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ពី​ព្រោះ​គេ​មិន​បាន​បណ្តេញ​សាសន៍​នោះ​ចេញ​ទេ។

33 ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។