ចៅហ្វាយ 10:7-13 KHOV

7 នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​លក់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន និង​ពួក​កូន​ចៅ​អាំម៉ូន

8 ពួក​ទាំង​នោះ​ក៏​ធ្វើ​ទុក្ខ ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​របស់​ពួក​សាសន៍​អាម៉ូរី គឺ​ជា​ស្រុក​កាឡាត ចាប់​តាំង​ពី​ឆ្នាំ​នោះ រហូត​ដល់​អស់​១៨​ឆ្នាំ​ត​ទៅ​មុខ

9 រួច​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេន‌យ៉ា‌មីន និង​ពួក​វង្ស​អេប្រា‌អិម​ថែម​ទៀត បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

10 គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​យើង​ខ្ញុំ​បាន​លះ​ចោល​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល​វិញ

11 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា តើ​អញ​មិន​បាន​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​សាសន៍​អេស៊ីព្ទ សាសន៍​អាម៉ូរី និង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នឹង​សាសន៍​ភីលីស្ទីន​ទេ​ឬ​អី

12 មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក និង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ

13 ប៉ុន្តែ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ដូច្នេះ អញ​មិន​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ទៀត​ឡើយ