ចៅហ្វាយ 11:15-21 KHOV

15 យែបថា​ទូល​យ៉ាង​ដូច្នេះ​ថា សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ទេ

16 គឺ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​ទៅ​ដល់​កាដេស

17 រួច​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អេដំម ទូល​ថា សូម​បើក​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង តែ​ស្តេច​ស្រុក​នោះ​មិន​យល់​ព្រម​តាម​សោះ គេ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ទ្រង់​ក៏​មិន​យល់​ព្រម​ទៀត បាន​ជា​សាសន៍​អ៊ីស្រា‌អែល​បង្អង់​នៅ​ក្នុង​ស្រុក​កាដេស​នោះ

18 រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម និង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់

19 នៅ​ទី​នោះ​សាសន៍​អ៊ីស្រា‌អែល​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី គឺ​ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​ថា សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់ ទៅ​ឯ​កន្លែង​របស់​យើង​ខ្ញុំ​ផង

20 តែ​ស្តេច​ទ្រង់​មិន​ទុក​ចិត្ត​ចំពោះ​សាសន៍​អ៊ីស្រា‌អែល នឹង​ឲ្យ​គេ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ទ្រង់​ទេ ក៏​ប្រមូល​ពួក​ទ្រង់​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​យ៉ាហាស់ ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង

21 នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ក៏​ប្រគល់​ស៊ីហុន និង​ពួក​ទ្រង់​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង ហើយ​យើង​ក៏​ប្រហារ​គេ គឺ​យ៉ាង​នោះ​ហើយ ដែល​សាសន៍​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ជា​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​បាន