ចៅហ្វាយ 13:6-12 KHOV

6 ដូច្នេះ នាង​ក៏​ទៅ​ប្រាប់​ដល់​ប្ដី​ថា មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​បាន​មក​ឯ​ខ្ញុំ អ្នក​នោះ​មាន​ភាព​មើល​ទៅ​ដូច​ជា​ទេវតា​នៃ​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច តែ​ខ្ញុំ​មិន​បាន​សួរ​ដែល​លោក​មក​ពី​ណា​ទេ លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ដល់​ខ្ញុំ​ដែរ

7 តែ​បាន​ប្រាប់​ខ្ញុំ​ថា មើល ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឥឡូវ​នេះ កុំ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ន៉ាសារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ​មក ដរាប​ដល់​ថ្ងៃ​ស្លាប់។

8 ដូច្នេះ ម៉ាណូអា​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណប់​របស់​ព្រះ ដែល​ទ្រង់​បាន​ចាត់​មក​ឯ​យើង​ខ្ញុំ​នោះ បាន​មក​ម្តង​ទៀត ដើម្បី​នឹង​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ពី​ការ ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​ត្រូវ​កើត​មក​នោះ

9 ព្រះ​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ម៉ាណូអា ទេវតា​នៃ​ព្រះ​ក៏​មក​ឯ​នាង​ម្តង​ទៀត ក្នុង​កាល​ដែល​នាង​កំពុង​អង្គុយ​នៅ​ចំការ តែ​ម៉ាណូអា​ជា​ប្ដី មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ

10 នោះ​នាង​ក៏​រត់​ទៅ​ជា​ប្រញាប់​ប្រាប់​ប្ដី​ថា មើល អ្នក​ដែល​បាន​មក​ឯ​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ

11 ដូច្នេះ ម៉ាណូអា​ក៏​ក្រោក​ឡើង​ដើរ​តាម​ប្រពន្ធ​ទៅ​ឯ​អ្នក​នោះ​សួរ​ថា តើ​លោក​ឬ​អី ដែល​បាន​និយាយ​នឹង​នាង​នេះ ទេវតា​ឆ្លើយ​ថា អើ​មែន​ហើយ

12 ម៉ាណូអា​សួរ​ថា ដូច្នេះ​កាល​ណា​ពាក្យ​លោក​បាន​សំរេច​ហើយ នោះ​តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​របៀប​យ៉ាង​ណា ហើយ​ប្រព្រឹត្ត​ចំពោះ​កូន​នោះ​ជា​យ៉ាង​ដូច​ម្តេច​ទៅ