7 តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។
8 ដូច្នេះ ម៉ាណូអាក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្តងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការ ដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ
9 ព្រះទ្រង់ក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ទេវតានៃព្រះក៏មកឯនាងម្តងទៀត ក្នុងកាលដែលនាងកំពុងអង្គុយនៅចំការ តែម៉ាណូអាជាប្ដី មិនបាននៅជាមួយនឹងនាងទេ
10 នោះនាងក៏រត់ទៅជាប្រញាប់ប្រាប់ប្ដីថា មើល អ្នកដែលបានមកឯខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ
11 ដូច្នេះ ម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ
12 ម៉ាណូអាសួរថា ដូច្នេះកាលណាពាក្យលោកបានសំរេចហើយ នោះតើត្រូវឲ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្តេចទៅ
13 ទេវតានៃព្រះយេហូវ៉ាក៏ឆ្លើយថា ត្រូវឲ្យនាងប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់សេចក្ដី ដែលអញបានប្រាប់ហើយនោះ