ចៅហ្វាយ 14:14-20 KHOV

14 គាត់​ក៏​ចោទ​ថា «ពី​អា​ហែក​ស៊ី​មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម​ចេញ​ពី​អា​ខ្លាំង​ពូកែ» គេ​ខំ​រក​ន័យ​របស់​ប្រស្នា​នោះ អស់​៣​ថ្ងៃ​មិន​ឃើញ​សោះ។

15 ដល់​ថ្ងៃ​ទី​៧​គេ​ទៅ​កំហែង​ប្រពន្ធ​សាំសុន​ថា ចូរ​នាង​លួង‌លោម​ប្ដី ឲ្យ​ស្រាយ​ប្រស្នា​ដល់​យើង​ទៅ ប្រយ័ត្ន​ក្រែង​យើង​ដុត​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​នឹង​ភ្លើង តើ​បាន​ហៅ​យើង​មក ដើម្បី​នឹង​ប្លន់​យើង​ឬ​អី

16 ដូច្នេះ ប្រពន្ធ​សាំសុន​ក៏​យំ​នៅ​មុខ​ប្ដី​ថា បង​ស្អប់​ដល់​ខ្ញុំ​ហើយ មិន​ស្រឡាញ់​ខ្ញុំ​ទេ បង​បាន​ចោទ​ប្រស្នា ដល់​ពួក​កូន​ចៅ​សាសន៍​ខ្ញុំ តែ​មិន​បាន​ស្រាយ​ប្រាប់​ខ្ញុំ​សោះ គាត់​ឆ្លើយ​ទៅ​នាង​ថា អញ​មិន​បាន​ស្រាយ​ប្រាប់​ដល់​ទាំង​ឪពុក​ម្តាយ​អញ​ផង ដូច្នេះ​តើ​ត្រូវ​ស្រាយ​ប្រាប់​ដល់​ឯង​ឬ​អី

17 នាង​ក៏​យំ​នៅ​មុខ​គាត់ ទាំង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នោះ លុះ​គ្រប់​៧​ថ្ងៃ​ហើយ នោះ​គាត់​ក៏​ស្រាយ​ប្រាប់​ដល់​នាង ពី​ព្រោះ​នាង​បាន​រំអុក​គាត់​ណាស់ រួច​នាង​ក៏​ទៅ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន

18 ក្នុង​ថ្ងៃ​ទី​៧​មុន​ដែល​ថ្ងៃ​លិច នោះ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង ក៏​ឆ្លើយ​តប​មក​គាត់​ថា តើ​មាន​អ្វី​ដែល​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​តើ​មាន​អ្វី​ដែល​ខ្លាំង​ជាង​សត្វ​សិង្ហ នោះ​គាត់​ឆ្លើយ​ទៅ​វិញ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​រក​ន័យ​របស់​ប្រស្នា​ខ្ញុំ​មិន​ឃើញ​ទេ

19 រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សំឡាប់​មនុស្ស​៣០​នាក់ យក​អាវ​ខោ​របស់​គេ រួច​ចែក​សំលៀក‌បំពាក់​នោះ​ដល់​ពួក​អ្នក ដែល​បាន​ស្រាយ​ប្រស្នា សាំសុន​មាន​សេចក្ដី​កំហឹង​ក្តៅ​ឡើង ហើយ​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ

20 ឯ​គេ​ក៏​លើក​ប្រពន្ធ​គាត់​ឲ្យ​ទៅ​អ្នក​១​នោះ​ដែល​បាន​កំដរ​គាត់​វិញ។