1 នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ រីឯពូជអំបូរដាន់នៅវេលានោះ គេរកស្រុកតាំងជាទីលំនៅ ទុកជាកេរអាកររបស់គេ ដ្បិតតាំងពីដើមរៀងមក គេមិនទាន់បានទទួលកេរអាកររបស់គេ ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាននៅឡើយទេ
2 ដូច្នេះ ពួកកូនចៅដាន់ក៏រើសពួកគេ៥នាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលស្រុក ដោយពាក្យថា ចូរទៅពិនិត្យមើលស្រុកទៅ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់១យប់
3 តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំឡោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ
4 គាត់ឆ្លើយថា មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងនេះមួយៗ គាត់បានជួលខ្ញុំ ឲ្យធ្វើជាសង្ឃដល់គាត់
5 នោះគេប្រាប់ដល់គាត់ថា ដូច្នេះសូមឲ្យអ្នកទូលសួរព្រះមើល ដើម្បីឲ្យយើងរាល់គ្នាដឹង ជាផ្លូវដែលយើងទៅនេះនឹងបានកើតការឬទេ
6 សង្ឃនោះឆ្លើយតបថា សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវ ដែលអ្នករាល់គ្នាទៅនោះហើយ។
7 នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះគេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាច នឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង