ចៅហ្វាយ 18:8-14 KHOV

8 រួច​ពួក​ទាំង​៥​នាក់​ក៏​ត្រឡប់​ទៅ​ឯ​បង​ប្អូន​គេ ដែល​នៅ​សូរ៉ាស់ និង​អែស‌ថោល​វិញ បង​ប្អូន​គេ​ក៏​សួរ​ថា យ៉ាង​ម៉េច​ទៅ

9 គេ​ប្រាប់​ថា ចូរ​រៀប‌ចំ​ឡើង លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ​ទៅ ដ្បិត​យើង​បាន​ឃើញ​ស្រុក​គេ​ល្អ​ណាស់ តើ​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី កុំ​ឲ្យ​ខ្ជិល​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​នោះ​ឡើយ

10 កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​ពួក​មនុស្ស ដែល​នៅ​ដោយ​សុខ‌សាន្ត ស្រុក​នោះ​ក៏​ធំ​ទូលាយ​ដែរ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មិន​ចេះ​ខ្វះ​អ្វី ដែល​នៅ​ផែនដី​នេះ។

11 គ្រា​នោះ មាន​មនុស្ស​៦០០​នាក់​ពី​វង្ស​ដាន់ ដែល​នៅ​ត្រង់​សូរ៉ាស់ និង​អែស‌ថោល គេ​លើ​គ្នា​ចេញ​ទៅ​ទាំង​មាន​គ្រឿង​សឹក

12 ក៏​ឡើង​ទៅ​បោះ​ទ័ព នៅ​ត្រង់​គារយ៉ាត់-យារីម​ក្នុង​ស្រុក​យូដា ហេតុ​នោះ​បាន​ជា​គេ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ម៉ាហានេ-ដាន់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ទី​នោះ​នៅ​ខាង​ក្រោយ​គារយ៉ាត់-យារីម

13 ពី​ទី​នោះ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ហើយ​ក៏​មក​ដល់​ផ្ទះ​មីកា។

14 ឯ​ពួក​៥​នាក់ ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស គេ​ក៏​ផ្តើម​និយាយ​ទៅ​បង​ប្អូន​គេ​ថា តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​រូប​ព្រះ ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ផង​ឬ​ទេ ដូច្នេះ​ពិចារណា​មើល តើ​ត្រូវ​ធ្វើ​ដូច​ម្តេច