15 ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
16 ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
17 គាត់ងើបភ្នែកឡើងឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា
18 គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទ ឲ្យចូលក្នុងផ្ទះសោះ
19 ខ្ញុំប្របាទមានចំបើង និងស្មៅសំរាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសំរាប់ខ្លួន និងនាងស្រីនេះ ព្រមទាំងអ្នកកំឡោះ ដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ
20 អ្នកនោះឆ្លើយឡើងថា សូមឲ្យអ្នកបានសេចក្ដីសុខសាន្តចុះ តែសូមឲ្យគ្រប់របស់ដែលអ្នកត្រូវការបានជាភារៈលើខ្ញុំវិញ កុំឲ្យតែដេកនៅផ្លូវឡើយ
21 ដូច្នេះ អ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។