ចៅហ្វាយ 19:18-24 KHOV

18 គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ​ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ ឲ្យ​ចូល​ក្នុង​ផ្ទះ​សោះ

19 ខ្ញុំ​ប្របាទ​មាន​ចំបើង និង​ស្មៅ​សំរាប់​លា ហើយ​មាន​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ខ្លួន និង​នាង​ស្រី​នេះ ព្រម​ទាំង​អ្នក​កំឡោះ ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ​ផង យើង​ខ្ញុំ​មិន​មាន​ខ្វះ​អ្វី​ទេ

20 អ្នក​នោះ​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​សាន្ត​ចុះ តែ​សូម​ឲ្យ​គ្រប់​របស់​ដែល​អ្នក​ត្រូវ​ការ​បាន​ជា​ភារៈ​លើ​ខ្ញុំ​វិញ កុំ​ឲ្យ​តែ​ដេក​នៅ​ផ្លូវ​ឡើយ

21 ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​ក៏​លាង​ជើង ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។

22 រីឯ​កាល​គេ​កំពុង​តែ​តាំង​ចិត្ត ឲ្យ​អរ​សប្បាយ​ឡើង នោះ​មើល មាន​ពួក​មនុស្ស​ទុរជន​ខ្លះ​នៅ​ទី​នោះ គេ​មក​ព័ទ្ធ​ផ្ទះ គោះ​ទ្វារ​ហៅ​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា ចូរ​នាំ​មនុស្ស​ដែល​បាន​មក​ក្នុង​ផ្ទះ​តា​ចេញ​មក​ឥឡូវ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា

23 ដូច្នេះ​ម្ចាស់​ផ្ទះ​ក៏​ចេញ​ទៅ​អង្វរ​ថា ទេ​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ ដ្បិត​អ្នក​នេះ​បាន​ចូល​មក​ជ្រក​នៅ​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ប្រព្រឹត្ត​ការ​ដ៏​លាមក​យ៉ាង​នេះ​ឲ្យ​សោះ

24 មើល នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ចេញ​មក​ឥឡូវ ឲ្យ​អ្នក​រាល់​គ្នា​បាន​បន្ទាប​នាង​ចុះ ហើយ​ប្រព្រឹត្ត​នឹង​នាង​តាម​តែ​ចិត្ត សូម​កុំ​ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ដល់​ម៉្លេះ​នឹង​មនុស្ស​នេះ​ឡើយ