8 ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា
9 រួចកាលគាត់ក្រោកឡើង រៀបធ្វើដំណើរទៅ នាំទាំងប្រពន្ធ និងអ្នកបំរើរបស់គាត់ផង នោះឪពុកក្មេកឃាត់ថា ឥឡូវថ្ងៃរសៀលទាបហើយ ដូច្នេះ សូមឲ្យនៅ១យប់នេះទៀតចុះ មើល ថ្ងៃជិតលិចហើយ ចូរដេកឯណេះចុះ ដើម្បីឲ្យចិត្តឯងបានសប្បាយឡើង រួចដល់ស្អែកសឹមធ្វើដំណើរតាមផ្លូវឯង ត្រឡប់ទៅផ្ទះវិញពីព្រលឹមទៅ។
10 តែគាត់មិនព្រមបង្អង់នៅយប់នោះទៀតទេ ក៏ក្រោកឡើងចេញដំណើរទៅ បានទៅដល់ទន្ទឹមនឹងក្រុងយេប៊ូស (គឺក្រុងយេរូសាឡិម) នាំទាំងសត្វលា២ដែលចងកែប និងនាងជាប្រពន្ធចុងទៅជាមួយផង
11 កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះអ្នកបំរើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន
12 តែចៅហ្វាយឆ្លើយថា យើងមិនព្រមបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ យើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ
13 រួចគាត់និយាយនឹងអ្នកបំរើថា ចូរយើងស្រូតទៅឲ្យដល់ទីណាមួយនោះ ដើម្បីនឹងដេកនៅ ទោះបើជានៅគីបៀរ ឬនៅរ៉ាម៉ាក្តី
14 ដូច្នេះ គេដើរបង្ហួសតាមផ្លូវទៅ កាលគេជិតនឹងដល់គីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីនហើយ នោះថ្ងៃលិចទៅ