ចៅហ្វាយ 2:11-17 KHOV

11 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ‌បាល

12 គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ​ផង ហើយ​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់

13 គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ

14 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ

15 នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។

16 ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ

17 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​អយ្យកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ