ចៅហ្វាយ 2:14-20 KHOV

14 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ

15 នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។

16 ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ

17 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​អយ្យកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ

18 កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ចៅ‌ហ្វាយ​ដល់​គេ នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​ចៅ‌ហ្វាយ​នោះ ហើយ​បាន​ជួយ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ខ្មាំង​សត្រូវ នៅ​គ្រប់​១​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​អាណិត‌អាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ

19 តែ​លុះ​កាល​ចៅ‌ហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​អយ្យកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ

20 នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា បាន​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​សាសន៍​នេះ​បាន​រំលង​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​អយ្យកោ​គេ ហើយ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ