ចៅហ្វាយ 20:12-18 KHOV

12 ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា

13 ដូច្នេះ ចូរ​ប្រគល់​ពួក​មនុស្ស​គំរក់​នោះ ដែល​នៅ​ក្រុង​គីបៀរ​មក ឲ្យ​យើង​រាល់​គ្នា​បាន​សំឡាប់​គេ​ចោល​ទៅ ដើម្បី​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ តែ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​គេ​ទេ

14 ហើយ​ក៏​ចេញ​ពី​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន ទៅ​មូល​គ្នា​ត្រង់​គីបៀរ ដើម្បី​នឹង​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

15 នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា

16 ក្នុង​ពួក​គេ​ទាំង​នោះ មាន​មនុស្ស​ជ្រើស‌រើស​៧០០​នាក់ ដែល​ប្រើ​ការ​ខាង​ដៃ​ឆ្វេង​គ្រប់​គ្នា​អាច​បាញ់​ដោយ​ក្រួស ត្រូវ​ដល់​សក់​១​សរសៃ​បាន​ឥត​ខុស​ឡើយ។

17 ឯ​ពួក​អ៊ីស្រា‌អែល ដែល​ក្រៅ​ពី​ពួក​បេន‌យ៉ា‌មីន​នោះ​មាន​៤​សែន​នាក់​ដែល​កាន់​ដាវ សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ចំបាំង

18 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។