13 ដូច្នេះ ចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសំឡាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីន មិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនគេទេ
14 ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល
15 នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា
16 ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។
17 ឯពួកអ៊ីស្រាអែល ដែលក្រៅពីពួកបេនយ៉ាមីននោះមាន៤សែននាក់ដែលកាន់ដាវ សុទ្ធតែជាមនុស្សស្ទាត់ចំបាំង
18 ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើង ដើរទៅឯបេត-អែល ដើម្បីនឹងទូលសួរដល់ព្រះថា ក្នុងពួកយើងខ្ញុំរាល់គ្នា តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឲ្យពួកយូដាទៅមុនគេចុះ។
19 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែល ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទាស់នឹងគីបៀរ