ចៅហ្វាយ 20:31-37 KHOV

31 ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រា‌អែល ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ និង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង

32 ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​និយាយ​គ្នា​ថា យើង​វាយ​សំឡាប់​គេ​បាន​ដូច​ជាន់​មុន​ទៀត តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​និយាយ​ប្រាប់​គ្នា​ថា ចូរ​យើង​រត់​នាំ​ប្រទាញ​គេ​មក​ក្នុង​ផ្លូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ

33 នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ងើប​ពី​កន្លែង​រៀង​ខ្លួន​ទៅ​ដំរៀប​ទ័ព​នៅ​ត្រង់​បាល-តាម៉ារ ឯ​ពួក​ទ័ព​បង្កប់​របស់​ពួក​អ៊ីស្រា‌អែល ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ នៅ​ត្រង់​វាល​ស្មៅ​គីបៀរ​ដែរ

34 មាន​ពួក​មនុស្ស​ជ្រើស‌រើស​ពី​សាសន៍​អ៊ីស្រា‌អែល ទាំង​អស់​ចំនួន​១​ម៉ឺន​នាក់ ចូល​ទៅ​ទាស់​នឹង​គីបៀរ ហើយ​ចំបាំង​នោះ​ក៏​ជា​សំបើម​ខ្លាំង​ណាស់ តែ​ពួក​បេន‌យ៉ា‌មីន ឥត​ដឹង​ខ្លួន ជា​មាន​សេចក្ដី​អន្តរាយ​ជិត​ដល់​គេ​ទេ

35 ព្រះ‌យេហូវ៉ា​ក៏​ប្រហារ​ពួក​បេន‌យ៉ា‌មីន​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ​ឯង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បំផ្លាញ​ពួក​បេន‌យ៉ា‌មីន​អស់​ចំនួន​២​ម៉ឺន​៥​ពាន់​១​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។

36 ដូច្នេះ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ក៏​ឃើញ​ថា ខ្លួន​គេ​ចាញ់​ហើយ ពី​ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​ថយ​ចេញ​ពី​ពួក​បេន‌យ៉ា‌មីន ដោយ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គីបៀរ

37 ពួក​ទ័ព​បង្កប់​ក៏​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គីបៀរ​ជា​ប្រញាប់ គេ​ដំរង់​ទៅ​មុខ វាយ​សំឡាប់​ពួក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ