34 មានពួកមនុស្សជ្រើសរើសពីសាសន៍អ៊ីស្រាអែល ទាំងអស់ចំនួន១ម៉ឺននាក់ ចូលទៅទាស់នឹងគីបៀរ ហើយចំបាំងនោះក៏ជាសំបើមខ្លាំងណាស់ តែពួកបេនយ៉ាមីន ឥតដឹងខ្លួន ជាមានសេចក្ដីអន្តរាយជិតដល់គេទេ
35 ព្រះយេហូវ៉ាក៏ប្រហារពួកបេនយ៉ាមីននៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះឯងពួកកូនចៅអ៊ីស្រាអែល គេបំផ្លាញពួកបេនយ៉ាមីនអស់ចំនួន២ម៉ឺន៥ពាន់១រយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
36 ដូច្នេះពួកកូនចៅបេនយ៉ាមីន ក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ
37 ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេដំរង់ទៅមុខ វាយសំឡាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ
38 ឯបណ្តាពួកទ័ព និងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសំគាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង
39 ដូច្នេះ ពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន
40 តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីន គេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ