36 ដូច្នេះពួកកូនចៅបេនយ៉ាមីន ក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ
37 ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេដំរង់ទៅមុខ វាយសំឡាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ
38 ឯបណ្តាពួកទ័ព និងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសំគាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង
39 ដូច្នេះ ពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន
40 តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីន គេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ
41 នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្ដីអន្តរាយមកដល់គេហើយ
42 ដូច្នេះ គេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល