ចៅហ្វាយ 20:41-47 KHOV

41 នោះ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​បែរ​មក​វិញ ហើយ​ពួក​បេន‌យ៉ា‌មីន​ក៏​ភាំង​ស្លុត ដោយ​ឃើញ​ថា សេចក្ដី​អន្តរាយ​មក​ដល់​គេ​ហើយ

42 ដូច្នេះ គេ​ក៏​បែរ​ខ្នង​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ប្រាស​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ តែ​ពួក​ដែល​វាយ​គេ​ចេះ​តែ​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​បំផ្លាញ​គេ នៅ​ត្រង់​កណ្តាល

43 គេ​ព័ទ្ធ​ពួក​បេន‌យ៉ា‌មីន​ជុំវិញ ព្រម​ទាំង​ដេញ​តាម​ហើយ​ជាន់​គេ នៅ​ក្រោម​ជើង​ដោយ​ងាយ រហូត​ដល់​ទល់​មុខ​នឹង​គីបៀរ​ទិស​ខាង​កើត

44 នោះ​មាន​ពួក​បេន‌យ៉ា‌មីន​១​ម៉ឺន​៨​ពាន់​នាក់​បាន​ដួល​ស្លាប់ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

45 រួច​គេ​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​ឈ្មោះ​រីម៉ូន ហើយ​ពួក​ម្ខាង​ក៏​វាយ​សំឡាប់​ម្នាក់ៗ រៀង​តាម​ផ្លូវ អស់​៥​ពាន់​នាក់​ទៀត ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សំឡាប់​បាន​២​ពាន់​នាក់​ថែម​ទៀត

46 បាន​ជា​ពួក​បេន‌យ៉ា‌មីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​២​ម៉ឺន​៥​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន​ដែល​កាន់​ដាវ​គ្រប់​គ្នា

47 ប៉ុន្តែ មាន​៦០០​នាក់ បាន​ងាក​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​រីម៉ូន ក៏​ជ្រក​នៅ​ក្នុង​ថ្មដា​នោះ អស់​៤​ខែ