ចៅហ្វាយ 21:1-6 KHOV

1 រីឯ​ពួក​បណ្តា‌ជន ជា​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ស្បថ​នៅ​ត្រង់​មីសប៉ា​ថា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​យើង​រាល់​គ្នា ឲ្យ​កូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេន‌យ៉ា‌មីន​ឡើង

2 គេ​ក៏​មក​ដល់​បេត-អែល អង្គុយ​នៅ​ទី​នោះ​ចំពោះ​ព្រះ ដរាប​ដល់​ល្ងាច ព្រម​ទាំង​បន្លឺ​សំឡេង​យំ​ជា​ខ្លាំង​ថា

3 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​សេចក្ដី​នេះ​កើត​មក​ក្នុង​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ត្រូវ​បាត់​ពូជ​អំបូរ​១​ក្នុង​សាសន៍​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដូច្នេះ

4 ដល់​ថ្ងៃ​ស្អែក​គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម គេ​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី

5 នោះ​គេ​សួរ​គ្នា​ថា ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន តើ​អ្នក​ណា​ខ្លះ​ដែល​មិន​បាន​ឡើង​មក​ប្រជុំ​ឯ​ព្រះ‌យេហូវ៉ា គេ​សួរ​ដូច្នោះ​ពី​ព្រោះ​បាន​ស្បថ​យ៉ាង​ធ្ងន់ ពី​ដំណើរ​អ្នក​ណា​ដែល​មិន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា​នោះ​ថា អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ

6 ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នឹក​ស្តាយ​ពួក​បេន‌យ៉ា‌មីន ជា​បង​ប្អូន​គេ ដោយ​ពាក្យ​ថា នៅ​ថ្ងៃ​នេះ ពូជ​អំបូរ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ហើយ