12 ក្នុងពួកអ្នកនៅយ៉ាបេស-កាឡាត នោះឃើញមានស្រីក្រមុំ៤០០នាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីទាំងនោះ មកឯទីដំឡើងត្រសាល នៅត្រង់ស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។
13 នោះពួកជំនុំទាំងអស់គ្នា ក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក
14 ដូច្នេះពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញនៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅ ក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះ ឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ
15 ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
16 ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ
17 គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នក ដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ
18 ប៉ុន្តែខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន)