15 ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
16 ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ
17 គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នក ដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ
18 ប៉ុន្តែខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន)
19 រួចគេប្រាប់ថា មើល រាល់តែឆ្នាំគេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលនៅខាងជើងបេត-អែល ហើយខាងកើតផ្លូវ ដែលឡើងពីបេត-អែលទៅឯស៊ីគែម និងខាងត្បូងល្បូណា
20 ដូច្នេះគេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចំការទំពាំងបាយជូរទៅ
21 ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ