ចៅហ្វាយ 21:5-11 KHOV

5 នោះ​គេ​សួរ​គ្នា​ថា ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន តើ​អ្នក​ណា​ខ្លះ​ដែល​មិន​បាន​ឡើង​មក​ប្រជុំ​ឯ​ព្រះ‌យេហូវ៉ា គេ​សួរ​ដូច្នោះ​ពី​ព្រោះ​បាន​ស្បថ​យ៉ាង​ធ្ងន់ ពី​ដំណើរ​អ្នក​ណា​ដែល​មិន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា​នោះ​ថា អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ

6 ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នឹក​ស្តាយ​ពួក​បេន‌យ៉ា‌មីន ជា​បង​ប្អូន​គេ ដោយ​ពាក្យ​ថា នៅ​ថ្ងៃ​នេះ ពូជ​អំបូរ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ហើយ

7 ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ ដែល​នៅ​សល់​បាន ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ។

8 ដូច្នេះ គេ​សួរ​ថា ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន តើ​មាន​ពួក​ណា​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា នោះ​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​មក​ពី​យ៉ាបេស-កាឡាត ដើម្បី​នឹង​ប្រជុំ​ក្នុង​ពួក​ជំនុំ​ទេ

9 ដ្បិត​កាល​គេ​បាន​រាប់​បណ្តា‌ជន​ទៅ នោះ​មិន​ឃើញ​អ្នក​ណា​ពី​ពួក​យ៉ាបេស-កាឡាត​ណា​មួយ​បាន​នៅ​ទី​នោះ​សោះ

10 ដូច្នេះ​ពួក​ជំនុំ​ក៏​ចាត់​មនុស្ស​១​ម៉ឺន​២​ពាន់​នាក់ ក្នុង​ពួក​ក្លាហាន ឲ្យ​ទៅ​ឯ​ណោះ ដោយ​បង្គាប់​ថា ចូរ​ទៅ​សំឡាប់​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត​នោះ ដោយ​មុខ​ដាវ​ទៅ ព្រម​ទាំង​ស្រីៗ និង​ពួក​ក្មេង​ផង

11 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ហើយ​ផង