14 ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះអស់១៨ឆ្នាំ
15 តែកាលគេបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់តាំងឲ្យមានអ្នក១ ជាអ្នកជួយសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ាក្នុងពូជអំបូរបេនយ៉ាមីន ដែលជាអ្នកប្រើការខាងដៃឆ្វេង ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះ ដោយសារលោក
16 ឯអេហ៊ុឌ លោកធ្វើកាំបិត១ មានមុខពីរ ប្រវែង១ហត្ថសំរាប់ខ្លួន ហើយសៀតភ្ជាប់នៅចង្កេះខាងស្តាំត្រង់ក្រោមអាវ
17 លោកក៏ចូលទៅថ្វាយសួយអាករដល់អេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯអេក្លុន នោះជាមនុស្សធាត់ខ្លាំងណាស់)
18 កាលបានថ្វាយសួយអាករជាស្រេច នោះក៏នាំគ្នាទៅដល់ត្រឹមកន្លែងដាប់ថ្ម ដែលនៅជិតគីលកាល
19 រួចលោកឲ្យពួកអ្នកដែលកាន់នាំសួយអាករមក ត្រឡប់ទៅស្រុកវិញ តែឯខ្លួនលោកៗវិលចូលមកឯស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំមានការយ៉ាងសំងាត់នឹងទូលដល់ទ្រង់ ដូច្នេះស្តេចទ្រង់ក៏បង្គាប់ថា ចូរស្ងៀមសិន រួចអស់អ្នកដែលឈរជិតក៏នាំគ្នាចេញទៅក្រៅអស់ទៅ
20 ឯស្តេចទ្រង់គង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសំរាប់លំហើយអង្គ លំដាប់នោះអេហ៊ុឌក៏ចូលទៅជិតទ្រង់ទូលថា ទូលបង្គំមានព្រះបន្ទូលនៃព្រះ សំរាប់នឹងទូលដល់ទ្រង់ ស្តេចក៏ក្រោកចាកពីព្រះទែនឡើង