ចៅហ្វាយ 3:21-27 KHOV

21 នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច

22 ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ​ធ្លុះ​ចេញ​ទៅ​ខាង​ក្រោយ រួច​ខ្លាញ់​បិទ​ភ្ជិត​ទាំង​អស់​ទៅ លោក​ឥត​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ

23 ស្រេច​ហើយ​ក៏​ចេញ​មក​ឯ​រាន​ខាង​មុខ រួច​បិទ​ទ្វារ​បន្ទប់​ខាង​លើ​នោះ​ចាក់​សោ​ភ្ជិត​ទៅ។

24 កាល​លោក​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​ពួក​គាល់​ហ្វៅ​របស់​ស្តេច​មក​ឃើញ​ទ្វារ​ចាក់​សោ​ជិត​ដូច្នោះ ក៏​គិត​ថា ប្រាកដ​ជា​ទ្រង់​ផ្ទំ​នៅ​ក្នុង​បន្ទប់​នោះ​ហើយ

25 រួច​គេ​នៅ​ចាំ​ទាល់​តែ​មាន​សេចក្ដី​អៀន‌ខ្មាស​ដល់​ខ្លួន តែ​ទ្រង់​មិន​បាន​បើក​ទ្វារ​បន្ទប់​នោះ​សោះ គេ​ក៏​យក​កូន​សោ​ទៅ​ចាក់​បើក​ទ្វារ នោះ​ឃើញ​ម្ចាស់​របស់​គេ ទ្រង់​សុគត​នៅ​លើ​ឥដ្ឋ​ហើយ។

26 ឯ​អេហ៊ុឌ លោក​បាន​រត់​រួច​ទៅ កំពុង​ដែល​អ្នក​ទាំង​នោះ​នៅ​រារង់​បង្អង់​ចាំ ក៏​បាន​ទៅ​ហួស​ពី​កន្លែង​ដាប់​ថ្ម​នោះ ចូល​ទៅ​ដល់​សៃរ៉ា

27 លុះ​ដល់​ហើយ នោះ​លោក​ផ្លុំ​ត្រែ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ មាន​លោក​ជា​អ្នក​នាំ​មុខ​គេ