24 កាលលោកបានចេញទៅបាត់ហើយ នោះពួកគាល់ហ្វៅរបស់ស្តេចមកឃើញទ្វារចាក់សោជិតដូច្នោះ ក៏គិតថា ប្រាកដជាទ្រង់ផ្ទំនៅក្នុងបន្ទប់នោះហើយ
25 រួចគេនៅចាំទាល់តែមានសេចក្ដីអៀនខ្មាសដល់ខ្លួន តែទ្រង់មិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ នោះឃើញម្ចាស់របស់គេ ទ្រង់សុគតនៅលើឥដ្ឋហើយ។
26 ឯអេហ៊ុឌ លោកបានរត់រួចទៅ កំពុងដែលអ្នកទាំងនោះនៅរារង់បង្អង់ចាំ ក៏បានទៅហួសពីកន្លែងដាប់ថ្មនោះ ចូលទៅដល់សៃរ៉ា
27 លុះដល់ហើយ នោះលោកផ្លុំត្រែឡើងនៅក្នុងស្រុកភ្នំអេប្រាអិម ឯពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយ មានលោកជាអ្នកនាំមុខគេ
28 លោកបង្គាប់ថា ចូរមកតាមខ្ញុំចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍ម៉ូអាប់ជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ ដូច្នេះ គេក៏ចុះតាមលោកទៅ ចាប់យកទីឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ឥតបើកឲ្យអ្នកណាមួយឆ្លងសោះឡើយ
29 នៅវេលានោះគេប្រហារជីវិតសាសន៍ម៉ូអាប់ អស់ប្រហែលជា១ម៉ឺននាក់សុទ្ធតែជាមនុស្សក្លាហានហើយស្ទាត់ជំនាញគ្រប់គ្នា គ្មានអ្នកណាមួយរួចឡើយ
30 ដូច្នេះ សាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចនៃពួកអ៊ីស្រាអែល នៅថ្ងៃនោះឯងវិញ នោះស្រុកក៏បានសុខសាន្តត្រាណអស់៨០ឆ្នាំ។