ចៅហ្វាយ 3:3-9 KHOV

3 ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

4 គឺ​សាសន៍​ទាំង​នោះ​ហើយ ដែល​បាន​ទុក​សំរាប់​នឹង​ល្បង​ល​អ៊ីស្រា‌អែល ឲ្យ​ដឹង​ជា​គេ​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​ពួក​អយ្យកោ​គេ ដោយ‌សារ​ម៉ូសេ​ឬ​ទេ

5 ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​មួយ​នឹង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស

6 ហើយ​បាន​យក​កូន​គេ​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ឲ្យ​កូន​ស្រី​របស់​ខ្លួន ទៅ​កូន​ប្រុស​របស់​គេ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។

7 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គេ​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ទៅ​ជា​គោរព​ប្រតិបត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ

8 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ​អស់​៨​ឆ្នាំ

9 រួច​កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​គេ ដែល​បាន​ជួយ​ឲ្យ​រួច គឺ​ជា​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប