4 គឺសាសន៍ទាំងនោះហើយ ដែលបានទុកសំរាប់នឹងល្បងលអ៊ីស្រាអែល ឲ្យដឹងជាគេនឹងស្តាប់តាមអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកពួកអយ្យកោគេ ដោយសារម៉ូសេឬទេ
5 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយនឹងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស
6 ហើយបានយកកូនគេធ្វើជាប្រពន្ធ ព្រមទាំងឲ្យកូនស្រីរបស់ខ្លួន ទៅកូនប្រុសរបស់គេ ហើយគោរពប្រតិបត្តិដល់អស់ទាំងព្រះរបស់គេដែរ។
7 ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល និងព្រះអាសថារ៉ូតវិញ
8 ហេតុនោះបានជាព្រះយេហូវ៉ាកើតមានសេចក្ដីខ្ញាល់នឹងសាសន៍អ៊ីស្រាអែល ទ្រង់លក់គេទៅក្នុងកណ្តាប់ដៃនៃគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះអស់៨ឆ្នាំ
9 រួចកាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ ដែលបានជួយឲ្យរួច គឺជាអូធ្នាល ជាកូនកេណាស ដែលជាប្អូនកាលែប
10 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកសាសន៍អ៊ីស្រាអែល លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាថែមទៅ