ចៅហ្វាយ 3:7-13 KHOV

7 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គេ​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ទៅ​ជា​គោរព​ប្រតិបត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ

8 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ​អស់​៨​ឆ្នាំ

9 រួច​កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​គេ ដែល​បាន​ជួយ​ឲ្យ​រួច គឺ​ជា​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប

10 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ពួក​សាសន៍​អ៊ីស្រា‌អែល លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​មាន​កំឡាំង​នឹង​ឈ្នះ​ស្តេច​គូសាន-រីសា‌ថែម​ទៅ

11 ដូច្នេះ ស្រុក​ក៏​បាន​សុខ​សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ រួច​មក​អូធ្នាល​ជា​កូន​កេណាស​បាន​ស្លាប់​ទៅ។

12 លុះ​ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចំរើន​កំឡាំង​ដល់​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់​ឲ្យ​ទាស់​នឹង​អ៊ីស្រា‌អែល ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់

13 ស្តេច​នោះ​ក៏​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន និង​ពួក​អាម៉ា‌លេក​មក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដើម​លម៉ើ​របស់​គេ