ចៅហ្វាយ 4:10-16 KHOV

10 នោះ​បារ៉ាក​ក៏​ហៅ​ប្រជុំ​ពួក​សាប់‌យូល៉ូន និង​ពួក​ណែប‌ថាលី​ទាំង​ប៉ុន្មាន​នៅ​ត្រង់​កេដេស ពេល​នោះ មាន​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។

11 រីឯ​ហេប៊ើរ ជា​សាសន៍​កែន ដែល​ជា​ពួក​កូន​ចៅ​ហូបាប់ ជា​ឪពុក​ក្មេក​ម៉ូសេ គេ​បាន​ឃ្លាត​ចេញ​ពី​ពួក​សាសន៍​កែន មក​ដំឡើង​ត្រសាល​នៅ​ត្រឹម​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម ដែល​នៅ​ជិត​កេដេស។

12 ខណៈ​នោះ​មាន​គេ​ទៅ​ជំរាប​ស៊ីសេ‌រ៉ាថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​លើក​ទ័ព ឡើង​ទៅ​ឯ​ភ្នំ​តាបោរ​ហើយ

13 នោះ​ស៊ីសេរ៉ា​ក៏​ប្រមូល​អស់​ទាំង​រទេះ​របស់​លោក គឺ​ជា​រទេះ​ដែក​៩០០ ព្រម​ទាំង​បណ្តា​ទ័ព ដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម ទៅ​ដល់​ស្ទឹង​គីសុន

14 ឯ​ដេបូរ៉ា​នាង​ប្រាប់​ដល់​បារ៉ាក​ថា ចូរ​ក្រោក​ឡើង នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក​ទៅ​ហើយ ដូច្នេះ​បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ​នាំ​មនុស្ស​ទាំង​១​ម៉ឺន​នាក់​ទៅ

15 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បំបាក់​ទ័ព​ស៊ីសេរ៉ា និង​អស់​ទាំង​រទេះ​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក ឯ​ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​ខ្លួន​រត់​រួច​ទៅ

16 តែ​បារ៉ាក​ចេះ​តែ​ដេញ​តាម​រទេះ និង​ពួក​ពល​គេ​ទៅ​រហូត​ដល់​ហារ៉ូ‌សែត-កូយីម នោះ​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​ស៊ីសេរ៉ា​ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ដល់​ម្នាក់​ឡើយ។