14 ឯដេបូរ៉ានាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ា ទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះបារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ
15 ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា និងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ
16 តែបារ៉ាកចេះតែដេញតាមរទេះ និងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។
17 រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរសាសន៍កែននោះ ដ្បិតយ៉ាប៊ីន ជាស្តេចហាសោរ និងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា
18 យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ
19 លោកសូមដល់នាងថា សូមឲ្យទឹកមកខ្ញុំផឹកបន្តិចផង ដ្បិតខ្ញុំស្រេកណាស់ នោះនាងក៏បើកថង់ស្បែកដាក់ទឹកដោះឲ្យលោកផឹក រួចគ្របលោកទៅវិញ
20 លោកអង្វរដល់នាងថា សូមនាងឈរនៅមាត់ទ្វារត្រសាល បើមានអ្នកណាមកសួររកថា មានអ្នកណានៅទីនេះឬទេ នោះសូមឆ្លើយថា គ្មានទេ រួចលោកក៏ដេកលក់ស៊ប់ទៅ