3 ឯពួកកូនចៅអ៊ីស្រាអែល គេនាំគ្នាអំពាវនាវដល់ព្រះយេហូវ៉ា ពីព្រោះស្តេចនោះមានរទេះដែក៩០០ ហើយក៏សង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលជាខ្លាំង អស់រវាង២០ឆ្នាំ។
4 រីឯនៅវេលានោះ មានស្ត្រី ជាហោរាម្នាក់ ឈ្មោះដេបូរ៉ា ជាប្រពន្ធឡាពិដូត នាងបានជំនុំជំរះរឿងរ៉ាវរបស់សាសន៍អ៊ីស្រាអែល
5 នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជំរះរឿងគេ
6 នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី និងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ
7 នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនឹងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង
8 បារ៉ាកឆ្លើយតបថា បើលោកស្រីអញ្ជើញទៅជាមួយនឹងខ្ញុំផង នោះទើបខ្ញុំទៅ តែបើលោកមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំក៏មិនទៅដែរ
9 នាងឆ្លើយថា ដូច្នេះខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ប៉ុន្តែ អ្នកនឹងគ្មានឈ្មោះដោយដំណើរដែលអ្នកទៅនោះទេ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងលក់ស៊ីសេរ៉ា ទៅក្នុងកណ្តាប់ដៃរបស់ស្ត្រីវិញ រួចដេបូរ៉ាក៏ក្រោកឡើង ទៅជាមួយនឹងបារ៉ាក ដល់កេដេស