8 គេបានជ្រើសរើសព្រះថ្មី បានជាកើតមានចំបាំងនៅមាត់ទ្វារក្រុងទាំងប៉ុន្មាន គ្រានោះ ក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែល ឬលំពែងណាមួយឡើយ
9 ខ្ញុំមានសេចក្ដីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ
10 ឱអ្នករាល់គ្នាដែលជិះលាស និងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ
11 នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។
12 ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ
13 គ្រានោះ ពួកសំណល់នៃបណ្តាជន បានឈ្នះពួកខ្លាំងពូកែ ព្រះយេហូវ៉ាទ្រង់បានយាងចុះមកច្បាំងជំនួសខ្ញុំ ទាស់នឹងពួកស្ទាត់ជំនាញ
14 មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក