ចៅហ្វាយ 6:18-24 KHOV

18 សូម​ទ្រង់​កុំ​ថយ​ចេញ​ពី​ទី​នេះ​ឡើយ ដរាប​ដល់​ទូល‌បង្គំ​ទៅ​នាំ​យក​ដង្វាយ​របស់​ទូល‌បង្គំ មក​ថ្វាយ​នៅ​ចំពោះ​ទ្រង់​សិន ទ្រង់​ក៏​ទទួល​ថា អញ​នឹង​ចាំ​ទាល់​តែ​ឯង​មក​វិញ។

19 ដូច្នេះ គេឌាន​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ចាត់‌ចែង​រៀប‌ចំ​កូន​ពពែ​១ និង​នំបុ័ង​ឥត​ដំបែ​ធ្វើ​ពី​ម្សៅ​១​ថាំង ដាក់​សាច់​ក្នុង​កញ្ច្រែង ហើយ​ក៏​ដាក់​ទឹក​សំឡ​ក្នុង​ចាន នាំ​យក​មក​ថ្វាយ​ទ្រង់ នៅ​ត្រង់​ដើម​ម៉ៃសាក់​នោះ

20 នោះ​ទេវតា​នៃ​ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​យក​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ មក​ដាក់​នៅ​លើ​ថ្ម​នេះ ហើយ​ចាក់​ទឹក​សំឡ​ពី​លើ​ទៅ លោក​ក៏​ធ្វើ​តាម​ដូច្នោះ

21 រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ

22 គេឌាន​ក៏​បាន​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​លោក​ទូល​ថា វរ‌ហើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ប្រទល់​មុខ

23 ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​តប​មក​ថា ចូរ​ឲ្យ​មាន​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ភ័យ​អី ឯង​មិន​ត្រូវ​ស្លាប់​ទេ

24 នោះ​គេឌាន​ក៏​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។