21 រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ
22 គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ា នៅប្រទល់មុខ
23 ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ
24 នោះគេឌានក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
25 នៅវេលាយប់នោះឯង ព្រះយេហូវ៉ា ទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង
26 រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ
27 ដូច្នេះ គេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន និងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។