ចៅហ្វាយ 6:25-31 KHOV

25 នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​លោក​ថា ចូរ​នាំ​យក​គោ​ឈ្មោល​របស់​ឪពុក​ឯង គឺ​ជា​គោ​ទី​២​អាយុ​៧​ខួប​ទៅ​ជា​មួយ ត្រូវ​ឲ្យ​ឯង​រំលំ​អាសនា​នៃ​ព្រះ‌បាល​របស់​ឪពុក​ឯង​ចេញ​ទៅ ព្រម​ទាំង​កាប់​បំផ្លាញ​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង

26 រួច​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង តាម​របៀប​នៅ​លើ​ថ្មដា​នោះ ហើយ​ត្រូវ​យក​គោ​ទី​២​ថ្វាយ​ជា​ដង្វាយ​ដុត ដោយ​ដុត​នឹង​ឈើ​ជា​រូប​អ្នក‌តា ដែល​ឯង​បាន​កាប់​នោះ

27 ដូច្នេះ គេឌាន​ក៏​នាំ​យក​អ្នក​បំរើ​របស់​ខ្លួន​១០​នាក់ ទៅ​ធ្វើ​តាម​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់ តែ​លោក​ធ្វើ​នៅ​ពេល​ថ្ងៃ​មិន​បាន ដោយ​ព្រោះ​ខ្លាច​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​ខ្លួន និង​ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​ជា​ធ្វើ​នៅ​ពេល​យប់​វិញ។

28 កាល​ពួក​មនុស្ស​នៅ​ទី​ក្រុង បាន​ក្រោក​ឡើង​ពី​ព្រលឹម ឃើញ​អាសនា​នៃ​ព្រះ​បាល​បាន​រលំ​ហើយ ឯ​អ្នក‌តា​ក៏​បាន​កាប់​ចោល​ផង ហើយ​គោ​ទី​២​បាន​ថ្វាយ​នៅ​លើ​អាសនា​ដែល​បាន​ស្អាង​ឡើង

29 នោះ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​បាន​ធ្វើ​នេះ គេ​ក៏​ស៊ើប​សួរ​រក រួច​មាន​គេ​ប្រាប់​ថា គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នោះ

30 ដូច្នេះ​ពួក​មនុស្ស​នៅ​ទី​ក្រុង គេ​ប្រាប់​ទៅ​យ៉ូអាស​ថា ចូរ​នាំ​កូន​អ្នក​ចេញ​មក​ឲ្យ​វា​ស្លាប់​ទៅ ដ្បិត​វា​បាន​រំលំ​អាសនា​នៃ​ព្រះ‌បាល ហើយ​កាប់​បំផ្លាញ​រូប​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង

31 យ៉ូអាស​ក៏​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​មក​ទាស់​នឹង​គាត់​ថា តើ​អ្នក​រាល់​គ្នា​ចង់​តវ៉ា​ជំនួស ហើយ​គិត​ជួយ​សង្គ្រោះ​ព្រះ‌បាល​ឬ​អី ឯ​អ្នក​ណា​ដែល​ចង់​តវ៉ា​ជំនួស​ព្រះ‌បាល ឲ្យ​អ្នក​នោះ​ត្រូវ​ស្លាប់​វិញ​ឥឡូវ មុន​ដែល​ថ្ងៃ​រះ​ផង បើ​នេះ​ជា​ព្រះ​ពិត នោះ​ចូរ​ឲ្យ​វា​តវ៉ា​ដោយ​ខ្លួន​វា​ចុះ ដោយ​ព្រោះ​គេ​បាន​រំលំ​អាសនា​ហើយ