ចៅហ្វាយ 7:3-9 KHOV

3 ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ដល់​ត្រចៀក​បណ្តា‌ជន​ថា អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ញ័រ ចូរ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត​ត្រឡប់​ទៅ​វិញ​ចុះ នោះ​មាន​មនុស្ស​ចំនួន​២​ម៉ឺន​២​ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅ​វិញ នៅ​សល់​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ

4 រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ទៀត​ថា បណ្តា​មនុស្ស​នៅ​តែ​ច្រើន​ពេក​នៅ​ឡើយ ដូច្នេះ ចូរ​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក​ទៅ អញ​នឹង​ល្បង​ល​គេ​ឲ្យ​ឯង អ្នក​ណា​ខ្លះ​ដែល​អញ​ប្រាប់​ឯង​ថា នេះ​ត្រូវ​ទៅ​ជា​មួយ​នឹង​ឯង គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទៅ ឯ​អ្នក​ណា​ដែល​អញ​ប្រាប់​ឯង​ថា នេះ​មិន​ត្រូវ​ទៅ​ជា​មួយ​ទេ អ្នក​នោះ​ឯង​ត្រូវ​នៅ​វិញ

5 ដូច្នេះ លោក​ក៏​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា បណ្តា​អស់​អ្នក​ណា​ដែល​លិទ្ធ​ទឹក​នឹង​អណ្តាត​ដូច​ជា​ឆ្កែ នោះ​ត្រូវ​ដាក់​ទុក​នៅ​ដោយ​ខ្លួន ហើយ​អស់​អ្នក​ណា​ដែល​លុត​ជង្គង់​ផឹក​ទឹក នោះ​ក៏​ត្រូវ​ដាក់​ដោយ​ខ្លួន​ដែរ

6 ឯ​ពួក​មនុស្ស​ដែល​លិទ្ធ​ទឹក​ដោយ​ក្បង់​នឹង​ដៃ នោះ​មាន​ចំនួន​ជា​៣០០​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទាំង​អស់

7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេឌាន​ថា អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយ‌សារ​មនុស្ស​៣០០​នាក់ ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត នោះ​ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​គេ​វិញ​ទៅ

8 ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន បាន​ទុក​នៅ​តែ​ពួក​៣០០​នាក់​នោះ​ប៉ុណ្ណោះ ពួក​នោះ​គេ​ក៏​យក​ស្បៀង​អាហារ​នឹង​ត្រែ​របស់​គេ​ទៅ ឯ​ពួក​ម៉ាឌាន​គេ​បាន​បោះ​ទ័ព នៅ​កន្លែង​ខាង​ក្រោម​លោក ក្នុង​វាល​ច្រក​ភ្នំ។

9 នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​គេ​ទៅ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ