14 រួចមកដើមឈើទាំងនោះ ក៏ទៅសូមដល់គុម្ពបន្លាថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
15 នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមកបញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។
16 ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ
17 ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានផង
18 ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងពួកគ្រួឪពុកខ្ញុំវិញ ព្រមទាំងសំឡាប់កូនរបស់លោក៧០នាក់ នៅលើថ្មតែ១ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់បាវបំរើលោក ឲ្យធ្វើជាស្តេចលើបណ្តាមនុស្សនៅស៊ីគែម ដោយព្រោះតែគេជាសាច់ញាតិ និងអ្នករាល់គ្នាដូច្នេះ
19 អើ បើអ្នករាល់គ្នាយល់ឃើញថា បានប្រព្រឹត្តត្រឹមត្រូវ ហើយស្មោះត្រង់នឹងយេរូ-បាល ព្រមទាំងពួកគ្រួលោកទាំងប៉ុន្មាននៅថ្ងៃនេះ នោះចូរឲ្យត្រេកអរសប្បាយចំពោះអ័ប៊ីម៉្មាឡិចចុះ ហើយឲ្យគេបានរីករាយនឹងអ្នករាល់គ្នាដែរ
20 ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ